Friday, July 8, 2011

សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត

ជួន ណាត



សម្ដេច​ព្រះ​មហា​សុមេធាធិបតី ជួន ណាត (ជោតញ្ញាណោ) សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ នៃ​គណៈ​មហា​និកាយ (ប្រសូត ១១ មីនា ព.ស.​២៤២៧/គ.ស.​១៨៨៣ សុគត ២៥ កញ្ញា ព.ស.​២៥១៣/គ.ស.​១៩៦៩) ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​៤ នៃ​គណៈ​មហានិកាយ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។ ទ្រង់​កាន់​តំណែង​ពី​ព.ស.​២៤៩២ ដល់ ព.ស.​២៥១៣ ក្នុង​រជ្ជ​សម័យ​ព្រះ​បាទ​សម្ដេច​ព្រះនរោត្ដម សីហនុ។

ជីវប្រវត្តិ​
សម្ដេច​ព្រះសង្ឃរាជ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ១១​រោច ខែ​ផល្គុន ឆ្នាំ​វក ឆ​ស័ក ព.ស.​២៤២៧ គឺ​ថ្ងៃ​ទី​១១ ខែ មីនា គ.ស.​១៨៨៣ នៅ​ភូមិ​កំរៀង សង្កាត់​រកា​កោះ ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ។ សម្ដេច​មាន​ព្រះជាតិ​ក្នុង​ត្រកូល​កសិករ ព្រះ​មាតា​នៃ​សម្ដេច​នាម យក់ ព្រះ​បិតា​នាម ព្រហ្ម ជួន។ គ្រួសារ​នេះ​មាន​បុត្រ​តែ​ពីរ​នាក់​គឺ អង្គ​សម្ដេច​ព្រះសង្ឃរាជ និង​លោក​ឧកញ៉ា​សោភណ្ឌ​មន្ត្រី ជួន នុត ជា​ព្រះ​អនុជ​នៃ សម្ដេច​ព្រះសង្ឃ​រាជ។

សម្ដេច​កាល​ឋិត​នៅ​ក្នុង​កុមារ​ភាព មាន​ព្រះជន្មាយុ​រវាង​១២​ឆ្នាំ ព្រះ​មាតា​បិតា​បាន​នាំ​យក​ទៅ​ផ្ទុកផ្ដាក់​ឲ្យ​រៀន​សូត្រ​អក្សរ​សាស្ត្រ​ របស់​ជាតិ​ក្នុង​សំណាក់​លោក​គ្រូ​សូត្រ​ស្ដាំ​នាម កែ​ ម៉ម វត្ត​ពោធិ​ព្រឹក្ស ហៅ​វត្ត​ពោល្យំ សង្កាត់​រលាំងកែន ស្រុក​កណ្ដាល​ស្ទឹង ខេត្ត​កណ្ដាល។

លុះ​សម្ដេច​មាន​ព្រះជន្មាយុ​១៤​ឆ្នាំ បាន​បួស​ជា​សាមណេរ ក្នុង​ថ្ងៃ​១៥​កើត ខែ​ពិសាខ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.​២៤៤១ គ.ស.​១៨៩៧ នៅ​បំពេញ​កិច្ច​សិក្សា​នា​វត្ត​ពោធិ​ព្រឹក្ស អស់​រយៈ​កាល​ពីរ​ឆ្នាំ ទើប​ចេញ​អំពី​វត្ត​ពោធិ​ព្រឹក្ស​ទៅ​រៀន​សូត្រ​ព្រះ​បរិយត្តិ​ធម៌ ឯ​វត្ត​ឧណ្ណាលោម ក្រុង​ភ្នំពេញ ក្នុង​សំណាក់​ព្រះ​ពុទ្ធ​គ្រូ ទេព សោ នា​កុដិ​ថែវ​ប្រប​កំពែង​ខាង​ជើង​ក្នុង​កាល​ព.ស.​២៤៤៣ គ.ស.​១៨៩៩។

សម្ដេច លុះ​បាន​ព្រះជន្មាយុ​គម្រប់​២១​ព្រះវ​ស្សា​បាន​ទ្រង់​និមន្ត​ត្រឡប់​ទៅ​សូម​ ឧបម្បទា​ជា​ភិក្ខុ ក្នុង​វត្ត​ពោធិ​ព្រឹក្ស​ដែល​ជា​វត្ត​ដើម​វិញ ដោយ​មាន​ព្រះ​តេជ​ព្រះ​គុណ ព្រះ​ពុទ្ធ​ឃោសាចារ្យ ម៉ា កេត សុវណ្ណប្បញ្ញោ​ជា​ព្រះ​ឧបជ្ឈាយ៍ កាល​លោក​នៅ​ជា​​ចៅ​អធិការ​វត្ត​ពោធិ​ព្រឹក្ស​មាន​ព្រះតេជ​ព្រះគុណ កែ ម៉ម មិស្សនាគោ ជា​គ្រូ​សូត្រ​ស្ដាំ និង​ព្រះតេជ​ព្រះគុណ អ៊ឹម ខឹម តិក្ខប្បញ្ញោ ជា​គ្រូ​សូត្រ​ឆ្វេង សូត្រ​បំពេញ​កិច្ច​ឧបសម្បទា​នៅ​ថ្ងៃ​១៤​កើត ខែ​ជេស្ឋ ឆ្នាំ​រោង ឆស័ក ព.ស.​២៤៤៨ គ.ស.​១៩០៤។ សម្ដេច​​ទ្រង់​ទទួល​ព្រះនាម​ប្បញ្ញត្តិ​ថា ជោតញ្ញាណោ លុះ​ទ្រង់​បំពេញ​ឧបសម្បទា​ជា​ភិក្ខុភាព​រួច​ហើយ ទ្រង់​ក៏​និមន្ត​ត្រឡប់​មក​គង់​នៅ​វត្ត​ឧណ្ណាលោម ទទួល​ការ​សិក្សា​គន្ថធុរៈ​វិញ​ទៀត។

បរិយត្តិ​បរិច្ឆេទ (កំណត់​អំពី​ការ​សិក្សា)

សម្ដេច​ព្រះសង្ឃ​រាជ មាន​សេចក្ដី​ព្យាយាម​ប្រកប​ដោយ​ថាមពល​ដ៏​ក្លៀវក្លា​ក្នុង​ការ​សិក្សា ទាំង​ផ្នែក​ភាសា​បាលី ទាំង​ផ្នែក​ភាសា​ឯ​ទៀត​ៗ មាន​ភាសា​បារាំង​ ជាដើម។ ការ​សិក្សា​របស់​សម្ដេច​ព្រះសង្ឃរាជ មាន​ជោគ​ជ័យ​ប្រសើរ​ណាស់ ឃើញ​មាន​តែ​សម្ដេច​សង្ឃរាជ​ដែល​រៀន​ចម្រើន​លូតលាស់ មាន​ល្បឿន​ឈ្នះ​លោក​ឯ​ទៀត​ៗ។ សម្ដេច​ចាប់​រៀន​ដំបូង​មេសូត្រ ប្រែ​មូលកច្ចាយនៈ និង​គម្ពីរ​ធម្មបទ​អំពី​ព្រះពុទ្ធ​ឃោសាចារ្យ​ព្រះនាម ម៉ា កេត ដែល​ជា​ព្រះ​ឧបជ្ឈាយ៍ នៃ​សម្ដេច​ព្រះសង្ឃរាជ។

សម្ដេច​ព្រះសង្ឃរាជ ដែល​ទ្រង់​ចាប់​រៀន​វិជ្ជា​ណា​មួយ មាន​វិជ្ជា​បាលី​ជា​ដើម គឺ​រៀន​ដោយ​យក​ព្រះទ័យ​ទុក​ដាក់ ខិតខំ​ប្រឹង​ប្រែង ឥត​មាន​បន្ធូរ​បន្ថយ​ក្នុង​ការ​សិក្សា​នោះ​ឡើយ។ សម្ដេច​ទ្រង់​ទទួល​ការ​សិក្សា​នោះ​គឺ សិក្សា​ដោយ​ឆន្ទៈ​ដ៏​មាន​កម្លាំង​មែន​ទែន ពុំ​មែន​សិក្សា​វិជ្ជា​ណា​មួយ​ដោយ​លេង​ៗ ទេ។ វិជ្ជា​ខាង​ភាសា​បាលី ភាសា​សំស្ក្រឹត និង​ភាសា​បារាំង សុទ្ធ​តែ​វិជ្ជា​ដែល​ប្រដាប់​ដោយ​វេយ្យាករណ៍​ហ្មត់ចត់ ជ្រាលជ្រៅ​លំបាក​រៀន លំបាក​យល់​ជាទី​បំផុត ប៉ុន្តែ​សម្ដេច​អាច​រៀន អាច​យល់​ច្បាស់លាស់ ដោយ​ឆាប់​រហ័ស​គួរ​ឲ្យ​កោត​សរសើរ​ពន់​ពេក​ណាស់។

សម្ដេច​ទ្រង់​ចេះ​ដឹង​យល់​ធ្លុះធ្លាយ​ចំពោះ​វេយ្យាករណ៍​គ្រប់​ភាសា ដែល​សម្ដេច​បាន​រៀន មាន​វេយ្យាករណ៍​បាលី​សំស្ក្រឹត​ជាដើម ទាំង​អក្សរសាស្ត្រ​របស់​ជាតិ និង​ពាក្យ​ពេចន៍​ក្នុង​ផ្នែក​វប្បធម៌​បុរាណ​ក៏​សម្ដេច​ចេះ​ចាំ​យល់​ហេតុ​ផល​ ជា​ច្រើន​ណាស់។ ភាសា​សៀម ភាសា​លាវ និង​ភាសា​បារាំង ដែល​សម្ដេច​បាន​រៀន អាច​និយាយ​ប្រាស្រ័យ​ទាក់ទង​នឹង​ជនជាតិ​សៀម ជាតិ​លាវ និង​ជាតិ​បារាំង​បាន។ សម្ដេច​ឈ្លាសវៃ​ប្រសព្វ​យក​តម្រាប់​តាម​សំឡេង​ភាសា​ជាតិ​ដទៃ​ៗ​ឲ្យ​ស្រដៀង ឬ​ដូច​ភាសា​ជាតិ​ដទៃ​បាន។ ភាសា​អង់គ្លេស និង​ភាសា​វៀតណាម ក៏​សម្ដេច​បាន​រៀន អាច​មើល សរសេរ​និយាយ ប្រាស្រ័យ​បាន​ច្រើន​ដែរ។

ក្នុង​សម័យ​ដែល​សម្ដេច​កំពុង​សិក្សា​វិជ្ជា​ខាង​បាលី​ក្នុង​រវាង​គ.ស.​ ១៩១០ ឃើញ​ថា​សម្ដេច​មាន​ព្រះ​កិត្តិស័ព្ទ​ល្បី​ថា​ ជា​ព្រះថេរៈ ស្ទាត់​ជំនាញ​ពូកែ​ខាង​ភាសា​បាលី អាច​និយាយ​ភាសា​បាលី​បាន​ជាង​ភិក្ខុ សាមណេរ​ឯ​ទៀត ដែល​រៀន​ជាមួយ​គ្នា​ក្នុង​សម័យ​នោះ។ នៅ​ព.ស.​២៤៥៧ គ.ស.​១៩១៣ សម្ដេច​ទ្រង់​បាន​ចូល​ប្រឡង​ដេញ​ប្រយោគ​ក្នុង​ព្រះ​ឧបោសថ​រតនារាម វិហារ​ព្រះ​កែវ​មរកត ចំពោះ​ព្រះភ័ក្ត្រ​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ​បាន​៤​ប្រយោគ ដែល​ជា​ប្រយោគ​ជាន់​ខ្ពស់​បំផុត​ក្នុង​សម័យ​នោះ។ ព.ស.​២៤៥៩ គ.ស.​១៩១៥ សម្ដេច​ទ្រង់​បាន​ប្រឡង​ជាប់​លេខ​២ បាន​ទទួល​ការ​តែង​តាំង​ជា​សាស្ត្រាចារ្យ​នៅ​សាលា​បាលី​ជាន់​ខ្ពស់ ដែល​សព្វ​ថ្ងៃ​មាន​ឈ្មោះ​ជា​ពុទ្ធិក​វិទ្យាល័យ​សុរាម្រឹត។

ក្រៅ​ពី​ភាសា​ខ្មែរ ដែល​សម្ដេច​ទ្រង់​បាន​ស្រាវជ្រាវ​យល់​ឫស​គល់​ពិត​ប្រាកដ សម្ដេច​បាន​សិក្សា​ភាសា​បាលី អាច​អាន ឬ​សន្ទនា​តាម​សំនៀង​ជាតិ​បរទេស​បាន​ទាំង​អស់ គឺ​សំនៀង​លង្កា ភូមា មន សៀម និង​លាវ ឥត​មាន​ទើស​ទាក់់​ភ្លាំង​ភ្លាត់​ឡើយ។ ព.ស.​២៤៦៦ និង​២៤៦៧ គ.ស.​១៩២២ និង​១៩២៣ សម្ដេច​កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃសត្ថា (ជាមួយ​នឹង​សម្ដេច​ព្រះពោធិវ័ង្ស ហួត តាត វជិរប្បញ្ញោ កាល​នៅ​ជា​ព្រះ​គ្រូ​សង្ឃ​វិជ្ជា) បាន​ធ្វើ​ជា​សមណៈ​សិស្ស និមន្ត​ទៅ​បំពេញ​វិជ្ជា​ខាង​ភាសា​សំស្ក្រឹត និង​អក្សរ​សិលា​ចារឹក​ជាដើម នៅ​សាលា​បារាំង​សែស​ចុង​បូព៌ា​ប្រទេស នា​ក្រុង​ហាណូយ (វៀតណាម​ខាង​ជើង) ក្នុង​សំណាក់​លោក ល្វី ហ្វឺណូត៍ (L. Finot) ជាតិ​បារាំង​សេស ជា​ចាងហ្វាង​សាលា​នេះ។

បេសកកម្ម​បរិច្ឆេទ (កំណត់​អំពី​ការ​ទទួល​បម្រើ​កិច្ចការ)

ព.ស.​២៤៦៣ គ.ស.​១៩១៩ សម្ដេច​ទ្រង់​បាន​ធ្វើ​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​តែង​វចនានុក្រម​ខ្មែរ ដែល​ទ្រង់​ជា​លេខាធិការ កាន់​កិច្ចការ​ផ្ទាល់ លុះ​ត្រា​បាន​ចប់​ចុង​ចប់​ដើម។
ព.ស.​២៤៦៩ គ.ស.​១៩២៥ សម្ដេច​បាន​ធ្វើ​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​អក្ខរាវិរុទ្ធ​នៃ​សៀវភៅ​នានា ដែល​សាលា​បាលី​ជាន់​ខ្ពស់ បោះពុម្ព​ផ្សាយ។
ព.ស.​២៤៧០ គ.ស.​១៩២៦ ត​មក​ជា​ច្រើន​ឆ្នាំ សម្ដេច​បាន​ទទួល​ការ​តែងតាំង​ជា​មេ​ប្រយោគ ក្នុង​ការ​ប្រឡង​យក​វិញ្ញាបនប័ត្រ​បឋម​សិក្សា​ខ្មែរ និង​ការ​ប្រឡង​យក​សញ្ញាប័ត្រ​បឋម​សិក្សា​ជាន់​ខ្ពស់ បារាំង-ខ្មែរ​ នៅ​ក្រុង​ភ្នំពេញ។
ព.ស.​២៤៧១ គ.ស.​១៩២៧ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែង​តាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ផ្ទៀង​សម្រេច​ខាង​វចនានុក្រម​ខ្មែរ ហើយ​សម្ដេច​ទ្រង់​បាន​ទទួល​ភារៈ​ធ្វើ​វចនានុក្រម តែ​មួយ​ព្រះអង្គ​ឯង ដរាប​ដល់​បាន​ចប់​សព្វ​គ្រប់ បាន​បោះពុម្ព​ផ្សាយ​ទាំង​ភាគ១​ភាគ​២ បាន​៥​គ្រា​ហើយ។
ក្នុង​ឆ្នាំ​ដដែល​នេះ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា សមាជិក​នៃ​ក្រុម​អភិបាល​ជំនុំ​ផ្ដាច់​ឆ្នាំ សម្រាប់​បណ្ណាល័យ​កម្ពុជា ដែល​សព្វ​ថ្ងៃ​ហៅ​ថា វិទ្យាស្ថាន​ពុទ្ធ​សាសន​បណ្ឌិត្យ។
ព.ស.​២៤៧៤ គ.ស.​១៩៣០ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ ក្នុង​មុខងារ​ជា​ចាងហ្វាង​រង នៃ​សាលា​បាលី​ជាន់​ខ្ពស់​ក្រុង​ភ្នំពេញ។
ក្នុង​ឆ្នាំ​ដដែល​នោះ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា សមាជិក​ជំនួយ​នៃ ក្រុម​ជំនុំ​ព្រះ​ត្រៃ​បិដក នៅ​ពុទ្ធ​សាសន​បណ្ឌិត្យ ក្រុង​ភ្នំពេញ។
ព.ស.​២៤៧៦ គ.ស.​១៩៣២ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ខាង​ការ​ ស្រាវជ្រាវ​ជ្រើសរើស​រក​ពាក្យ​ពេចន៍​ក្នុង​ផ្ទៃ នៃ​កវី​និពន្ធ​ខ្មែរ​បុរាណ ដើម្បី​ប្រមូល​បញ្ចូល​ពាក្យ​ទាំង​នេះ ទៅ​ក្នុង​វចនានុក្រម​ខ្មែរ។
ព.ស.​២៤៧៧ គ.ស.​១៩៣៣ សម្ដេច​ទ្រង់​បាន​ទទួល ការ​តែងតាំង​ជា​សមាជិក នៃ​ក្រុម​ជំនុំ​ពិនិត្យ​សៀវភៅ​ដែល​ក្រសួង​សិក្សា​ធិការ​ជាតិ​បោះពុម្ព​ ផ្សាយ។
ព.ស.​២៤៧៨ គ.ស.​១៩៣៤ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សមាជិក​នៃ​ក្រុម​ជំនុំ​ជ្រើសរើស​ ពាក្យ​ខ្មែរ​ប្រៀបធៀប​នឹង​ពាក្យ​បារាំង​សម្រាប់​ប្រើ​ក្នុង​កិច្ចការ​ រាជការ។
ព.ស.​២៤៧៩ គ.ស.​១៩៣៥ សម្ដេច​ទ្រង់​បាន​ទទួល​ការ​តែងតាំង​ជា​សាស្ត្រាចារ្យ​បង្រៀន​ភាសា​បាលី សំស្ក្រឹត ខ្មែរ និង​លាវ ប្រចាំ​ថ្នាក់​ទី​បំផុត​នៃ​មធ្យម​សិក្សា​ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ ក្រុង​ភ្នំពេញ។

0 comments:

Post a Comment

 
Design by Wordpress Theme | Bloggerized by Free Blogger Templates | JCPenney Coupons